ដើម្បីជំរុញការអភិវឌ្ឍពូជគោប្រ៉ាម៉ាន់នៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍ពូជគោប្រ៉ាម៉ាន់កម្ពុជា-អាមេរិច CABBA បានសហការជាមួយក្រុមការងារជំនាញ អេសវី និងអូអីមអែស ក្នុងការបង្វឹកដល់ក្រុមគ្រូពេទ្យសត្វបង្កាត់គោតាមបែបសិប្បនិម្មិត នៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង ពីថ្ងៃ២២ដល់២៦ ខែមេសា ឆ្នាំ២០២៤។ មកដល់ពេលនេះ សមាគមបានសហការផ្តល់វគ្គនេះ នៅក្នុងខេត្តគោលដៅរបស់ខ្លួនមានដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ កែប កំពត កំពង់ធំ ត្បូងឃ្មុំ និងកំពង់ឆ្នាំង។ យើងនឹងបន្តបេសកម្មរបស់យើងទូទាំងប្រទេស ដើម្បីជួយដល់កសិកររបស់យើង។
គួរបញ្ជាក់ផងដែរថា សមាគមត្រូវបានបង្កើតឡើង ដើម្បីផ្តល់សេវាបច្ចេកទេសដល់កសិករផលិតពូជគោប្រ៉ាម៉ាន់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដោយផ្តោតលើផែនការជាយុទ្ធសាស្រ្ត សំខាន់ៗដូចខាងក្រោម៖
1. អភិវឌ្ឍសមត្ថភាពពេទ្យសត្វសហគមន៍ ដែលអាចផ្តល់សេវាបច្ចេកទេសប្រកបដោយ និរន្តរភាពដល់កសិករខ្នាតតូច ឱ្យមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបសិប្បនិម្មិត ដើម្បីបង្កើនផលិតកម្មគោសាច់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ
2. សម្របសម្រួលកសិករខ្នាតតូច ដើម្បីទទួលបាននូវសេវាហិរញ្ញវត្ថុ ការគៀគរធនធាន ពីដៃគូអ្នកពាក់ព័ន្ធនានា រួមមានក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ ពង្រីកកសិដ្ឋានចិញ្ចឹមគោប្រ៉ាម៉ាន់
3. សម្របសម្រួលផ្សារភ្ជាប់ទីផ្សារគោ នៅកម្ពុជា និងអន្តរជាតិសម្រាប់កសិករខ្នាតតូច
4. សម្របសម្រួលនៃការផ្គត់ផ្គងធាតុចូល ដែលមានគុណភាព ដល់កសិករខ្នាតតូច
5. ជម្រុញការអភិវឌ្ឍលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់នៅកម្ពុជា ចងក្រងព័ត៌មានអំពីសាវតា ការចុះបញ្ជីកំណើត ធ្វើកំណត់ត្រាព័ត៌មានសម្តែងចេញ និងចុះបញ្ជី។